Get 40% OFF with the Pretty Big Deal Sale. Speak Khmer FAST for as low as $6/month
មិនស្គាល់ - ទំនុកខ្មែរបរិសុទ្ធ
១- នេះនឹងថ្លាថ្លែងចែងចារចង លើកតាមល្បិចល្បងដោយវិជ្ជា ប្រាំពីរពាក្យពិតគិតបួនឃ្លា ចេះតាមពណ៌នាសញ្ញាថ្មី។
២- ថាបើខ្ញុំចេះគ្រប់ភាសា មនុស្សជាតិនានាទេវតាក្តី មិនបានសម្រេចដូចហឫទ័យ ព្រោះនៅខ្វះក្តីស្រឡាញ់នេះ។
៣- ប្រៀបដូចលង្ហិនឬដូចឈឹង ដែលឮទ្រហឹងខ្លាំងដល់ម្លេះ ក៏គ្មានអំណាចនិងតេជ ព្រោះខ្ញុំបានលះក្តីស្រឡាញ់។
៤- ខ្ញុំចេះអធិប្បាយស្គាល់សេចក្តី យល់អស់ទាំងន័យអាថ៌កំបាំង វិជ្ជាផ្សេងៗហើយព្រមទាំង ជំនឿមាំខ្លាំងរើភ្នំបាន ។
៥- បើខ្វះសេចក្តីស្រឡាញ់ព្រះ ក៏ដូចខ្ញុំខ្វះទាំងប៉ុន្មាន មិនអាចបំពេញចិត្តខ្ញុំបាន ព្រោះហេតុខ្ញុំគ្មានក្តីស្រឡាញ់ ។
៦- ទោះខ្ញុំខំចែកទ្រព្យទាំងអស់ ឱ្យកាយទាំងរស់ឥតកំណាញ់ ទៅដុតបូជាយ៉ាងណាមិញ ខ្វះក្តីស្រឡាញ់ឥតប្រយោជន៍ ។
៧- សេចក្តីស្រឡាញ់ធំធេងណាស់ មិនប្រែក្រឡាស់ឬរុះរោចន៍ មិនប្រកាន់ខឹងឬយកទោស មានចិត្តសន្តោសហើយសប្បុរស។
៨- មិនចេះឈ្នានីសឬអួតខ្លួន មិនចេះគុំកួនឬកុហក មិនដែលធ្វើអ្វីនាំឱ្យល្អក់ ចិន្តាស្មគ្រ័ស្មោះអស់ហឫទ័យ ។
៩- មិនយកប្រយោជន៍តែខ្លនឯង ទោះបីយើងគេទាំងប្រុសស្រី អំពើទុច្ចរិតចិត្តពីរបី លះចោលចេញខ្មីមិនទុកនៅ។
១០- សប្បាយតែនឹងក្តីសុចរិត ក៏គ្របបាំងជិតអ្វីទូទៅ ជំនឿសង្ឃឹមថិតថេរនៅ ទ្រាំទ្រគ្រប់ផ្លូវបានទាំងអស់ ។
១១- ភាសាដទៃឈប់និយាយ ចំណេះទាំងឡាយក៏សូន្យសោះ សេចក្តីស្រឡាញ់មិនចេះអស់ ដ្បិតយើងចេះនោះមិនពោរពេញ។
១២- ប្រសិនបើចេះគ្រប់សព្វស្មោះ មិនពេញខ្នាតនោះក៏ថយចេញ ឯក្តីគ្រប់លក្ខណ៍ក៏ចូលវិញ អធិប្បាយក៏ពេញពោរតាមខ្នាត។
១៣- ដូចកាលខ្ញុំក្មេងគំនិតក្មេង ការនិយាយលេងនៅខ្វះខាត ព្រោះខ្ញុំនៅក្មេងមិនសង្វាត ភាពមិនសូវស្អាតព្រោះខ្លួនក្មេង។
១៤- លុះដល់ខ្ញុំធំឡើងកាលណា លះបង់ការងារដែលខ្ញុំលេង ប្រៀបដូចកញ្ចក់ភ្លឺថ្លាឈ្វេង ឆ្លុះឃើញខ្លួនឯងមិនស្រឡះ។
១៥- ដោយព្រោះគម្ពីរបានសំដែង ឱ្យឃើញរូបឯងតែមិនច្បាស់ សល់ការប្រព្រឹត្តមិនគិតខ្មាស់ តែវេលានោះស្គាល់ច្បាស់វិញ។
១៦- ក៏ដូចជាព្រះទ្រង់ស្គាល់ដែរ ទោះបីខ្ញុំខ្មែរតែពោរពេញ សេចក្តីស្រឡាញ់មិនទោម្នេញ ខ្ញុំតាមបំពេញហឫទ័យទ្រង់។
១៧- ជំនឿសង្ឃឹមនិងស្រឡាញ់ អារក្សចុះចាញ់រួញក្រាបអង្គ ស្រឡាញ់វិសេសលើសទាំងសង ជឿសង្ឃឹមផងមិនស្មើថ្លៃ ។
១៨- ច្នេះចូរដេញតាមក្តីស្រឡាញ់ វេញចិត្តត្របាញ់ឥតមោះមៃ ខំបើកចំហដួងហឫទ័យ ទទួលសេចក្តីស្រឡាញ់ពិត ៕